ភ្នំពេញ៖ កញ្ញា លី អ៊ីវ៉ាធីណា តារាចម្រៀងរៀមច្បងនៅក្នុងវិស័យសិល្បៈ បានចុះទៅចែកចាយអំណោយសប្បុរសធម៌ នៅមន្ទីរពេទ្យគន្ធបុប្ផា ក្នុងបរិយាកាសរីករាយ និងទឹកចិត្តនៃការចែករំលែក។
«ជូនបុណ្យអោយពុកម៉ែបងប្អូនទាំងអស់គ្នា ជួបតែសំណាងល្អ.រកទទួលទានមានបានណា.ទោះបីជាតិចតួចតែ បានជួយពួកគាត់មួយពេលដែរ...» នេះ គឺឃ្លាដែលកញ្ញា លី អ៊ីវ៉ាធីណា បានសរសេរនៅលើហ្វេសប៊ុករបស់នាងផ្ទាល់នៅថ្ងៃនេះ ដោយភ្ជាប់មកជាមួយនឹងរូបថតសកម្មភាព ចុះទៅចែកចំណីអាហារដោយឥតគិតថ្លៃ ជូនទៅដល់ក្រុមប្រជាពលរដ្ឋ ដែលបានយកកូនចៅរបស់ខ្លួន មកទទួលការព្យាបាលនៅមន្ទីរពេទ្យគន្ធបុប្ផា។
នៅថ្ងៃនេះ តារាចម្រៀងស្រីសម្លេងធ្ងន់ កញ្ញា លី អ៊ីវ៉ាធីណា ព្រមទាំងមិត្តភក្តិជាច្រើន បាននាំយកអំណោយមួយចំនួន ជាចំណីអាហារ ដែលរួមមានដូចជា បាយកញ្ចប់ មី និងទឹកសុទ្ធជាដើម ចែកជូនទៅដល់បងប្អូន ដែលកំពុងមានទុក្ខលំបាកដោយសារកូនៗ ចៅៗ ក្មួយៗ ឬសាច់ញាតិរបស់ពួកគាត់ ចូលមកសម្រាកព្យាបាល នៅក្នុងមន្ទីរពេទ្យគន្ធបុប្ផា។
ជាការពិតណាស់ មន្ទីរពេទ្យគន្ធបុប្ផា គឺជាក្តីសង្ឃឹមទី១របស់កុមារកម្ពុជា រាប់ម៉ឺននាក់ នៅទូទាំងប្រទេសកម្ពុជាបច្ចុប្បន្ន ដែលកំពុងមានជំងឺ។ ជារៀងរាល់ថ្ងៃនៅទីនោះតែងតែមានប្រជាពលរដ្ឋក្រីក្រ នាំកូនទៅព្យាបាលមិនដាច់នោះទេ ព្រោះនោះជាមន្ទីរពេទ្យរដ្ឋធំជាងគេ ដែលបានផ្តល់ការព្យាបាលសម្រាប់ពួកគាត់ ដោយឥតគិតថ្លៃ។ មិនតែប៉ុណ្ណោះ កន្លងមកគេក៏ឃើញមានសប្បុរសជន រួមទាំងតារាប្រុសស្រីជាច្រើនរូបទៀត បានចូលរួមផ្តល់ជំនួយថវិកា យ៉ាងច្រើនជាហូរហែផងដែរ ដើម្បីជួយដល់មន្ទីរពេទ្យនេះ។
សង្ឃឹមថា ទឹកចិត្តខ្មែរស្រឡាញ់ខ្មែរ នឹងនៅតែបន្តកើតមានរហូតបែបនេះ ឥតដាច់ ដើម្បីជួយទៅដល់ទំពាំងស្នងឫស្សី របស់ប្រទេសជាតិយើងនៅថ្ងៃអនាគត ទាំងអស់គ្នា៕











No comments:
Post a Comment
Note: Only a member of this blog may post a comment.