• សូមចុចអក្សខាងក្រោមដើម្បីមើលពីការថែតាំសុចភាព

    loading...

    Tuesday, November 22, 2016

    ក្លិបនៅជប៉ុន ចាប់អារម្មណ៍ចង់បាន ចាន់ វឌ្ឍនាកា...​ ហើយបើយល់ព្រមមែននោះ ដឹងបានប្រាក់ចំណូល មួយខែប៉ុន្មានដែរទេ?

    អង្គារ ២២ វិច្ឆិកា, ២០១៦ ១៤:៣៨
    ដោយ សីលា
    ភ្នំពេញ៖ អ្នកគាំទ្រកីឡាករបាល់ទាត់ ក៏ដូចជាក្រុមជម្រើសជាតិកម្ពុជា ច្បាស់ជាបានជ្រាបហើយអំពីក្លិបនៅលីកទី៣ Fujieda MYFC របស់ជប៉ុន ចាប់អារម្មណ៍ចង់បាន កីឡាករ ចាន់ វឌ្ឍនាកា ទៅលេងឲ្យក្លិបរបស់ខ្លួន។ តែយ៉ាងណាមិញ ក្លិបជប៉ុនមួយនេះ មិនទាន់ទទួលបានការឆ្លើយតបណាមួយពីសំណាក់កីឡាករនៅឡើយទេ ខណៈ ក្លិបបឹងកេតអង្គរបានច្រានចោលពាក្យចចាមអារ៉ាម និង វឌ្ឍនាកា ផ្ទាល់កំពុងមានភារកិច្ចប្រកួតក្នុងពានរង្វាន់ AFF Suzuki Cup នៅមីយ៉ាន់ម៉ា។
    បើយោងតាមប្រភពសារព័ត៌មាន ក្លិប Fujieda MYFC ពិតជាចាប់អារម្មណ៍ចង់ទិញ ខ្សែប្រយុទ្ធរបស់ក្លិបបឹងកេតអង្គរមួយរូបនេះមែន បន្ទាប់ពីខ្សែប្រយុទ្ធរូបនេះ បានចេញទៅធ្វើតេស្តហ្វឹកហាត់ កាលពីដើមខែវិច្ឆិកា អស់រយៈពេលមួយសប្តាហ៍។ 
    Fujieda MYFC គឺជាក្លិបបាល់ទាត់ មានមូលដ្ឋាននៅក្នុងតំបន់ Fujieda នៃទីក្រុង Shizouka ហើយបច្ចុប្បន្នកំពុងលេងនៅក្នុងលីកទី៣ នៃក្របខ័ណ្ឌបាល់ទាត់របស់ប្រទេសជប៉ុន។ គួររំលឹកផងដែរថា កាលពីឆ្នាំ ២០១២ និង ២០១៣ កន្លងទៅ Fujieda គឺជាក្លិបដែលលេងក្នុងលីកកំពូលរបស់ប្រទេសជប៉ុន (J-League) ដែលក្នុងនោះមានក្លិបជាច្រើនបានប្រជែងគ្នាប្រកួតដើម្បីឈ្នះជើងឯក ប៉ុន្តែ ក្លិប Fujieda ធ្វើមិនបានល្អដោយបានត្រឹមបញ្ចប់រដូវកាលឆ្នាំ២០១៣ ក្នុងចំណាត់ថ្នាក់លេខ១៣ ធ្វើឲ្យក្លិបមកលេងនួវលីកទី៣ វិញ ដែលទើបបានបង្កើតឡើងក្នុងឆ្នាំ២០១៤។
    ទាក់ទងនឹងលីកទី៣ ឬ J3 League នេះ គឺទើបតែមានក្នុងឆ្នាំ២០១៤ទេ ដោយសារតែសហព័ន្ធបាល់ទាត់ជប៉ុន ចង់ឲ្យមានការអភិវឌ្ឍន៍ទៅលើផ្នែកកីឡាបាល់ទាត់ ទើបបង្កើតលីកនេះឡើង។
    បន្ទាប់ពីមានការបង្កើតលីកទី៣ នៅក្នុងឆ្នាំ២០១៤ ភ្ជាប់ជាមួយនឹងកម្រិតនៃទម្រង់លេងរបស់ក្លិបផងនោះ Fujieda ក៏យល់ព្រមមកប្រកួតក្នុង J3 League តែម្តងទៅ ដែលក្នុងនោះ មាន១២ក្រុម ធ្វើការប្រកួតប្រជែង។ ស្របពេលជាមួយគ្នានេះដែរ ក្លិបក៏ជួបបញ្ហាច្រើនផងដែរ ដោយសារតែការមិនពេញចិត្តពីសំណាក់គ្រូបង្វឹក និងកីឡាករមួយចំនួន ពីការយល់ព្រមមកលេងលីកទី៣ ក៏បានធ្វើឲ្យពួកគេចាកចេញពីក្លិប។ 
    យោងតាមប្រភពបានបន្ថែមឲ្យដឹងផងដែរថា ក្លិប Fujieda បច្ចុប្បន្ន មានកីឡដ្ឋានផ្ទាល់ខ្លួនដល់ទៅ២ មួយគឺ Fujieda Sport Complex Park ដែលអាចផ្ទុកអ្នកចូលរួមរហូតដល់ ១៣,០០០នាក់ ចំនែកឯកីឡដ្ឋានមួយទៀត Fujieda Citizen Ground អាចផ្ទុកអ្នកចូលរួមទស្សនាបានចំនួន ៣,០០០នាក់ ដែលបច្ចុប្បន្ន កីឡដ្ឋាននេះ គឺជាទីលានសម្រាប់ធ្វើការប្រកួតរបស់ក្រុម Fujieda ក្នុងលីកទី៣។ 
    បើក្រឡេកមកមើល កីឡាករវិញ សង្កេតឃើញថា ក្នុងលីកកំពូលរបស់ប្រទេសជប៉ុន ខ្សែប្រយុទ្ធភាគច្រើន ទទួលបានប្រាក់ចំនូលច្រើនជាងគេ បើធៀបទៅនឹង ខ្សែបំរើ ខ្សែការពារ និងអ្នកចាំទី។ នេះបើយោងតាមទិន្នន័យដែលបានបញ្ជាក់ពីប្រភពវេបសាយ Hatena របស់ប្រទេសជប៉ុន។
    ក្នុងនោះខ្សែប្រយុទ្ធម្នាក់ៗ ដែលលេងក្នុងលីកកំពូលរបស់ប្រទេសជប៉ុន ទទួលបានប្រាក់ចំនូល គិតជាមធ្យមចំនួន ២១៣,១៤៤ ដុល្លារអាមេរិកក្នុងមួយខែ។ 
    សាកគិតបន្តិចមើលថា ប្រសិនជា ខ្សែប្រយុទ្ធ ចាន់ វឌ្ឍនាកា យល់ព្រមទៅលេងឲ្យក្លិប Fujieda MYFC ក្នុងលីកទី៣ មែននោះ តើគេនឹងទទួលប្រាក់ចំណូលប្រចាំខែចំនួនប៉ុន្មាន?
    ងាកមកមើលការវិភាគស្ទាបស្ទង់នៃគម្លាតប្រាក់ចំនូលនៅលីកប្រទេសអង់គ្លេសវិញ កីឡាករដែលលេងនៅក្នុងលីកកំពូលនៃប្រទេសអង់គ្លេស គឺទទួលបានប្រាក់ចំនូលខ្ពស់ជាង កីឡាករដែលលេងក្នុងលីកទី៣ ចំនួន២០ដង បានន័យថា ប្រាក់ចំនូលរបស់កីឡាករលេងក្នុងលីកកំពូល ច្រើនជាង កីឡាករលេងក្នុងលីកទី៣ ចំនួន២០ដង ។
    ដោយឡែក បើយើងយកទិន្នន័យនៅលីកអង់គ្លេសនេះ មកប្រៀបផ្ទឹម ជាមួយកីឡាករនៅលីកជប៉ុនវិញ ហើយគិតគូរតាមគណិតវិទ្យា ឃើញថា ខ្សែប្រយុទ្ធនៅលីកទី៣ មានប្រាក់ចំនូលមិនក្រោម ១មឺុនដុល្លារនោះទេ បើបូកនឹងអត្ថប្រយោជន៍បន្ថែមទៀតនោះ។
    ដូច្នេះ ប្រសិនជា ខ្សែប្រយុទ្ធ ចាន់ វឌ្ឍនាកា យល់ព្រមសម្រេចចិត្តផ្ទេរទៅលេងឲ្យក្លិប Fujieda MYFC មែននោះ កីឡាកររូបនេះ នឹងទទួលបានប្រាក់ចំណូលមិនក្រោម ១មឺុនដុល្លារក្នុងមួយខែនោះទេ បើយោងតាមទិន្នន័យគុណគូរខាងលើនេះ មិនតែប៉ុណ្ណោះ វឌ្ឍនាកា នឹងទទួលបានអត្ថប្រយោជន៍បន្ថែមទៀតផង ក្នុងនាមជាកីឡាករបរទេស ទៅលេងឲ្យក្លិបក្នុងស្រុកនៅប្រទេសជប៉ុន។
    តែយ៉ាងណាមិញ នេះគ្រាន់តែជាការវិភាគ ពឹងផ្អែកលើទិន្នន័យជាក់ស្តែង ដោយផ្ទឹមជាមួយនឹងគម្លាតប្រាក់ចំណូលស្តង់ដារ ដកស្រង់ចេញពីប្រភពនៃក្របខ័ណ្ឌបាល់ទាត់ប្រទេសអង់គ្លេសតែប៉ុណ្ណោះ ចំនែកឯការពិតយ៉ាងណានោះ គឺជាការសម្រេចចិត្ត និងកិច្ចព្រមព្រៀងផ្ទាល់ របស់ កីឡាកររូបនេះ និងក្លិប Fujieda MYFC៕
    ចុះចំពោះប្រិយមិត្តវិញ ចង់ឃើញ ចាន់ វឌ្ឍនាកា ទៅលេងឲ្យក្លិបនៅជប៉ុនដែរឬទេ? 

    No comments:

    Post a Comment

    Note: Only a member of this blog may post a comment.

    Fashion

    Beauty

    Travel