ព្រហស្បតិ៍ ២៤ វិច្ឆិកា, ២០១៦ ១៦:៤៨
(បាត់ដំបង)៖ គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយ បានកើតឡើង នៅរសៀលថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ លើផ្លូវជាតិលេខ៥ ស្ថិតនៅក្នុង ស្រុកមោងឬស្សី ខេត្តបាត់ដំបង បង្កឡើងរវាងរថយន្តធំ បុកជាមួយរថយន្តដឹកអ្នកដំណើរ បណ្តាលឲ្យមនុស្សពី ៤ទៅ៥នាក់បានស្លាប់ យ៉ាងអាណោចអាធ័ម។
សេចក្តីរាយការណ៍ពីភ្នាក់ងារ Fresh News ដែលកំពុងយកព័ត៌មាន នៅកន្លែងកើតហេតុបានឲ្យដឹងថា ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ដ៏រន្ធត់នេះ កើតឡើងនៅចំណុចឃុំព្រៃស្បៃ ស្រុកមោងឬស្សី ខេត្តបាត់ដំបង។
ប្រជាពលរដ្ឋដែលឃើញហេតុការណ៍នេះបានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះ បង្កឡើងដោយរថយន្តតាក់ស៊ីម៉ាក Lexus RX300 បើកពីភ្នំពេញ ទៅខេត្តបាត់ដំបង ពេលមកដល់កន្លែងកើតហេតុ អ្នកបើកបរដូចជាមានអាការៈងងុយដេក ក៏រ៉េចង្កូតរថយន្តទៅបុកនឹង រថយន្តដឹកទំនិញធុនធំ ដែលបើកបរបញ្ច្រាសទិសគ្នា យ៉ាងពេញទំហឹង។
សេចក្តីរាយការណ៍ជំហ៊ានដំបូង ពីអ្នកដែលបានឃើញហេតុការណ៍ ផ្ទាល់ភ្នែកបានឲ្យដឹងថា គ្រោះថ្នាក់នេះអ្នកស្លាប់មានប្រហែល ពី៤ទៅ៥នាក់ ដែលក្នុងរថយន្តតាក់ស៉ី ស្លាប់ទាំងអស់ រួមមានស្ត្រីនិងក្មេងស្រីផងដែរ ខណៈអ្នកបើកបររត់គេចខ្លួន។ ចំណែកក្នុងរថយន្តដឹកទំនិញធុនធំអ្នកបើកបរក៏បាន រត់គេចផងដែរ៕









ប្រភព ៖ Fresh News
No comments:
Post a Comment
Note: Only a member of this blog may post a comment.