កូរ៉េខាងត្បូង៖ កាលពីពេលថ្មីៗកន្លងទៅនេះ តារាចម្រៀងស្រីសាច់.សខ្ចី សមាជិកក្នុងក្រុម DIA នាង Cathy ដែលមានឈ្មោះពិតថា Kim Hee Hyun បានជួបគ្រោះស៊យធំ ធ្វើឲ្យអ្នកគាំទ្រផើតពោះជំនួស ខណៈរូបនាងកំពុងតែច្រៀងផង រាំផងក្នុងក្រុមសុខៗ ស្រាប់តែធ្លាក់ពីលើឆាក ទល់ផ្អកតែម្តង។ នេះបើតាមគេហទំព័រសារព័ត៌មាន Koreaboo បានចុះផ្សាយកាលពីថ្ងៃសុក្រ ទី២៥ វិច្ឆិកា ម្សិលមិញនេះ។

ប្រភព័ត៌មាន បានឲ្យដឹងថា តារាចម្រៀងវ័យ២២ឆ្នាំរូបនេះ នាង Cathy បានជំពប់ជើងធ្លាក់ពីលើឆាក ដែលមានកម្ពស់២ម៉ែត្រ អំឡុងពេលរាំច្រៀង ក្នុងការប្រគុំតន្រ្តីមួយ ដែលមានឈ្មោះថា “Blue Star Concert” ដោយបកស្រាយចម្រៀងជាក្រុម ដែលមានចំណងជើងថា “Mr.Potte” ។ Cathy ធ្លាក់ពីលើឆាក ដោយសារតែឆាកមានសភាពតូចចង្អៀត រៀបឡើងជារាងអក្សរធី “T” ។
ប៉ុន្តែទោះបីជាយ៉ាងណាក្តី នាង Cathy នៅតែអាចងើបរត់ចូលច្រៀង និងសម្តែងក្បាច់រាំយ៉ាងរស់រវើក នៅក្នុងក្រុមរបស់នាងវិញជាធម្មតា ដោយមិនឲ្យអ្នកគាំទ្រជាច្រើន អស់សង្ឃឹមលើរូបនាងនោះឡើយ។ ហើយ Cathy ក៏ត្រូវបានគេបញ្ជូនទៅពេទ្យដើម្បី ធ្វើការពិនិត្យមើល បន្ទាប់ពីការសម្តែងរបស់នាងត្រូវបានបញ្ចប់ផងដែរ ។
គួរឲ្យដឹងដែរថា ក្រុមភ្នាក់ងាររបស់ផលិតកម្ម MBK Entertainment ក៏បានចេញសេចក្តីថ្លែងការណ៍មួយដែរថា «Cathy បាននិយាយថា នាងពិតជាឈឺចាប់ក្នុងបរិវេណ ផ្នែកឆ្អឹងត្រគាករបស់នាងយ៉ាងខ្លាំង រួមទាំងជិតគន្លាក់ក ជើងរបស់នាងផងដែរ។ ទោះបីជាយ៉ាងណាក្តី នាងក៏បានធ្វើការពិនិត្យជំងឺ នៅមន្ទីរពេទ្យយ៉ាងល្អិតល្អន់ផងដែរ» ៕
តោះចង់ដឹងយ៉ាងណានោះ ទស្សនាវីដេអូខាងក្រោមនេះ ទាំងអស់គ្នា៖

ប្រភព ៖ Koraboo
កំណត់ហេតុខ្មែរឡូត៖
គួរកំណត់ព័ត៌មានចាស់ដែរថា សមាជិកក្រុម G-Friend នាង SinB ដួលសន្លប់ភ្លាមៗនៅលើ ឆាក ពេលកំពុងសម្តែង។
នេះជារឿងដ៏គួរឲ្យសោកស្តាយយ៉ាងខ្លាំង ចំពោះសមាជិកក្រុម G-Friend ដែលតែងតែជួបឧប្បត្តិហេតុជាច្រើនលើកច្រើនសារ ក្នុងអំឡុងពេលសម្តែងនៅលើឆាកតន្ត្រី ដែលទាំងអស់នេះបានធ្វើឲ្យអ្នកគាំទ្រ មានការព្រួយបារម្ភលើពួកគេជាខ្លាំង។
គួរឲ្យដឹងថា កាលពីថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៦កន្លងទៅ ក្នុងអំឡុងព្រឹត្តិការណ៍ “Youth Q&A” ឬ«យុវជនសំណួរចម្លើយ»នៃសាកលវិទ្យាល័យជាតិ ឈុនប៊ុក នៅឯមជ្ឈមណ្ឌលវប្បធម៍របស់ក្រុមហ៊ុន Samsung ក្នុងនោះគេសង្កេតឃើញថា ក្រុមចម្រៀងនារីកូរ៉េ G-Friend ត្រូវបានគេអញ្ចើញចូលរួមសម្តែងជាកិត្តិយស នៅក្នុងព្រឹត្តិការណ៍នោះផងដែរ ប៉ុន្តែជាសំណាងអាក្រក់ ក្នុងអំឡុងពេលសម្តែង ស្រាប់តែសមាជិកម្នាក់នៃក្រុម G-Friend គឺនាង SinB ក៏បានដួលទៅលើដីភ្លាមៗ សន្លប់បាត់បង់ម្ចាស់ការ។
នេះបើយោងតាមប្រភពពីអ្នករៀបចំកម្មវិធី បាននិយាយថា៖ « មុនពេលដែលG-Friendឡើងសម្តែង ខ្ញុំឃើញកញ្ញា SinB ហាក់បីដូចជាមានអាការៈមិនសូវស្រួលខ្លួន ប៉ុន្មាននោះទេ ដោយឃើញនាងយកដៃស្ទាប់ថ្ងាសរហូត។ បន្ទាប់ពីពួកគេ បានឡើងទៅលើឆាកសម្តែង នាងSinB ក៏ហាក់បីដូចជាមិនសូវមានអារម្មណ៍ក្នុងខ្លួនដែរ ក៏ស្រាប់តែភ្លាមៗនោះ នាងក៏បានវិលមុខ រកកលចង់ដួល រហូតដល់វគ្គដែលនាងត្រូវច្រៀង នាងក៏បានទន់ជើងដួលសន្លប់នៅលើឆាកតែម្តង។
ប៉ុន្តែមិនថាយ៉ាងណា នាងក៏ត្រូវបានបញ្ចូនទៅកាន់មន្ទីរពេទ្យភ្លាមៗ ហើយមកទល់ពេលនេះផងដែរ គឺនាងបានធូរស្បើយហើយ ចំណែកឯសុខភាពរបស់នាងវិញ ក៏មិនមានអ្វីកើតឡើងខុសពីធម្មតានោះដែរ ។ ដូចនេះ បន្ទាប់ពីចេញពីមន្ទីរពេទ្យវិញ នាងនឹងបន្តធ្វើការផ្សព្វផ្សាយចម្រៀងរបស់ខ្លួន ជាមួយនឹងសមាជិកក្រុមដទៃជាធម្មតា»៕

No comments:
Post a Comment
Note: Only a member of this blog may post a comment.